គម្រោងអគារកម្ពស់ 2 គីឡូម៉ែត្រ នឹងត្រូវបានសាងសង់នៅតំបន់ភាគខាងជើងនៃរាជធានីរីយ៉ាត់ បើទោះជាមានឧបសគ្គផ្នែកសំណង់ និងការចំណាយដ៏ធំសម្បើម។
យោងតាម New Atlas ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Foster + Partners រៀបគម្រោងរចនា គូរប្លង់អគារកម្ពស់ 2 គីឡូម៉ែត្រ នៅរីយ៉ាត់ ប្រទេសអារ៉ាប៊ីសាអូឌីត។ គម្រោងនេះទទួលបានការគាំទ្រពីមូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត។ អគារនេះនឹងខ្ពស់ជាងទ្វេដង បើធៀបនឹងអគារ Burj Khalifa នៅឌូបៃ (828 ម៉ែត្រ) ដែលជាអគារខ្ពស់ជាងគេលើពិភពលោក នាបច្ចុប្បន្ន។
ក្រៅពីព័ត៌មានស្ដីពីកម្ពស់ និងទីតាំងសាងសង់ ក្រុមមន្ត្រីពាក់ព័ន្ធមិនទាន់បានបង្ហើបឱ្យដឹងអ្វីផ្សេងអំពីគម្រោងនេះនៅឡើយ។ ក៏ប៉ុន្តែ តាមការប៉ាន់ស្មាន អគារនេះនឹងត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងនោះមានជាអាទិ៍ គ្រឹះត្រូវតែរឹងមាំបំផុត និងការចំណាយខ្ពស់ខ្លាំងជាដើម។