ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយមានមន្ត្រីជំនាញចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹងចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។
កាលពីរសៀលថ្ងៃទី 04 ខែមីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266 ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការហៅចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុងនោះ លេខ 1 គឺជាភាសាខ្មែរ និងលេខ 2 គឺជាភាសាអង់គ្លេស។
បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់ក្រសួងដោយផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖
– លេខ (1) សម្រាប់ព័ត៌មានទូទៅ
– លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម
– លេខ (3) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីម៉ាក
– លេខ (4) សម្រាប់ព័ត៌មានអំពីការនាំចេញ-នាំចូលទំនិញ ឬ CO
– លេខ (5) សម្រាប់ព័ត៌មានអំពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
– លេខ (6) សម្រាប់ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។
មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 8 ព្រឹក ដល់ម៉ោង 5 រសៀល។