នាព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលហ្វ៊ីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ជំនួបនេះត្រូវបានធ្វើឡើងក្នុងបំណងពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើតាមក្រសួងព័ត៌មាន។
ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន។ ក្នុងនោះក៏មាន វិស័យពាណិជ្ជកម្មផងដែរ។
ក្នុងវិស័យពាណិជ្ជកម្ម មេដឹកនាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
កម្ពុជាបានចាប់ផ្តើមនាំចេញអង្ករទ្រង់ទ្រាយធំជាលើកដំបូង ទៅប្រទេសហ្វីលីពីន ក្នុងបរិមាណ 5,575 តោន កាលពីដើមឆ្នាំ 2023 បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោលគឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។
បើតាមរបាយការណ៍ដែលទាក់ទង ឱ្យដឹងថា ក្នុងឆ្នាំ 2024 នេះ ប្រទេសហ្វីលីពីន គ្រោងនាំចូលអង្ករពីបណ្ដាប្រទេស ក្នុងបរិមាណជាង 4.2 លានតោន។
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងខែមករា ឆ្នាំ 2024 កម្ពុជាបាននាំចេញអង្ករជាង 46 ពាន់តោន គិតជាទឹកប្រាក់គឺជាង 32 លានដុល្លារអាម៉េរិក។ ដោយឡែកការនាំចេញស្រូវទៅប្រទេសជិតខាងវិញ សម្រេចបាន ជិត 60 ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបជាង 184 លានដុល្លារ៕