មូលដ្ឋានថ្មីដែលមានសមត្ថភាពបង្ហាញត្រាប់តាមបរិស្ថានស្ថានីយអវកាសចំនួន 9 យ៉ាង អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រធ្វើការពិសោធផ្នែកអវកាសជាច្រើនប្រភេត នៅលើផែនដីដោយផ្ទាល់។
ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងធ្វើត្រាប់តាមបរិស្ថានអវកាស (SESRI) ដែលត្រូវបានចាត់ទុកថា ជាស្ថានីយអវកាសលើដីដំបូងរបស់ប្រទេសចិន បានឆ្លងផុតដំណាក់កាលវាយតម្លៃនៅខេត្ត Heilongjiang ភាគឦសានប្រទេសចិន កាលពីថ្ងៃទី 27 កុម្ភៈ។
ស្ថានីយអវកាសលើកដីនេះ ត្រូវបានសាងសង់ដោយវិទ្យាស្ថានស្រាវជ្រាវអវកាស និងវិទ្យាសាស្ត្រវត្ថុធាតុ នៃវិទ្យាស្ថានបច្ចេកវិទ្យាខេត្ត Heilongjiang (HIT) សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាកាសចរណ៍អវកាសចិន។
នៅក្នុងមូលដ្ឋាននេះ មានអគារពិសោធន៍ចំនួនបួន រួមមាន អគារបរិស្ថានអវកាសទាំងស្រុង, អគារវិទ្យាសាស្ត្រផ្លាស្មាអវកាស, អគារបរិស្ថានម៉ាញ៉េទិចអវកាស និងទីតាំងពង្រីកពូជសត្វ។
តាមផែនការ SESRI អាចធ្វើត្រាប់តាមកត្តាបរិស្ថានអវកាសចំនួន 9 ប្រភេទ មានជាអាទិ៍ សុញ្ញកាស សីតុណ្ហភាពខ្ពស់ និងទាប ភាគល្អិតផ្ទុកអគ្គិសនី វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ធូលីអវកាស ផ្លាស្មា កម្លាំងទំនាញខ្សោយ ឧស្ម័នអព្យាក្រឹត និងមីក្រូទំនាញ។
យោងតាមអ្នកស្រាវជ្រាវនៅសភាវិទ្យាសាស្ត្រចិន ស្ថានីយអវកាសលើដីនេះនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សជាន់ខ្ពស់នៅប្រទេសចិន។ គិតត្រឹមខែមិថុនា 2023 មានស្ថាប័នជាង 110 មកពីប្រទេស និងដែនដីជាង 30 បានចុះឈ្មោះប្រើប្រាស់ស្ថានីយ SESRI៕