អាជ្ញាធរប្រទេសគុយបា នឹងដំឡើងតម្លៃសាំងរហូតដល់ 500% ចាប់ពីថ្ងៃទី 01 ខែមីនា ឆ្នាំ 2024 យឺតជាងមួយខែបើធៀបនឹងគម្រោងដំបូង ប៉ុន្តែតម្លៃសំបុត្រយានជំនិះសាធារណៈនៅតែដដែល។
រដ្ឋមន្ត្រីហិរញ្ញវត្ថុគុយបា Vladimir Regueiro កាលពីថ្ងៃទី 28 កុម្ភៈ ប្រកាសថា ទន្ទឹមនឹងការដំឡើងតម្លៃសាំង តម្លៃអគ្គិសនីក៏នឹងត្រូវដំឡើង 25% ធៀបនឹងដំណាក់កាលដូចដដែល ចំពោះអតិថិជនដែលប្រើប្រាស់អគ្គិសនីច្រើននៅក្នុងតំបន់ប្រជុំជន។ ក៏ប៉ុន្តែ ថ្លៃធ្វើដំឡើងតាមយានជំនិះសាធារណៈនឹងនៅតែរក្សាដូចដើម ហើយការដំឡើងថ្លៃឧស្ម័នធម្មជាតិក៏ត្រូវពន្យារពេល។
រដ្ឋាភិបាលគុយបា ដែលជាអ្នកផ្ដល់ការឧបត្ថម្ភទំនិញ និងសេវាកម្មសំខាន់ៗស្ទើរតែទាំងអស់ ប្រកាសដំឡើងថ្លៃសាំងខ្ពស់ជាងមុន 5 ដង រាប់ចាប់ពីថ្ងៃទី 01 ខែកុម្ភៈ ដើម្បីរួមចំណែកកាត់បន្ថយឱនភាពថវិកាជាតិ។ តម្លៃសាំងធម្មតាមួយលីត្រនឹងកើនពី 25 ប៉េសូ (0.2 ដុល្លារអាម៉េរិក) ឡើងដល់ 132 ប៉េសូ ខណៈដែលសាំងល្អបំផុតកើនពី 30 ប៉េសូ ឡើងដល់ 156 ប៉េសូ ខ្ពស់ជាង 5 ដង ធៀបនឹងតម្លៃចាស់។ ទេសចរបរទេសដែលមកលេងប្រទេសគុយបា នឹងត្រូវទូទាត់ថ្លៃសាំងដោយរូបិយប័ណ្ណបរទេស។
ក៏ប៉ុន្តែ គម្រោងដំឡើងតម្លៃសាំងកាលពីខែមុនត្រូវបានពន្យារពេល ដោយសារតែ «បញ្ហាសន្តិសុខអ៊ីនធើណិត»។ បញ្ហានេះបានធ្វើឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Alejandro Gil បាត់បង់តំណែង នៅពីរបីថ្ងៃក្រោយមក។
យោងតាមអ្នកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Havana របស់គុយបា សាំងនៅប្រទេសនេះមានតម្លៃទាបខ្លាំង បើធៀបនឹងបណ្ដាប្រទេសដទៃលើពិភពលោក ប៉ុន្តែគឺជាតម្លៃដែលខ្ពស់ខ្លាំង បើធៀបនឹងប្រាក់បៀវត្សរ៍ក្នុងស្រុក។ តម្លៃសាំងថ្មីនេះនឹងប៉ះពាល់ដល់សង្គមទាំងមូលនៅគុយបា។
ប្រទេសកោះដែលមានប្រជាជន 11 លាននាក់នេះ កំពុងឆ្លងកាត់ការលំបាកច្រើនក្នុងវិស័យសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ-19 និងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក។ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចគុយបា បានធ្លាក់ចុះ 2% ក្នុងឆ្នាំ 2023 ស្របពេលដែលអតិផរណាកើនឡើង 30%។