(ភ្នំពេញ) – នារសៀលថ្ងៃទី 27 ខែកុម្ភៈនេះ កិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ – ខេត្តសៀមរាប – ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយដឹកនាំដោយឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមមន្ត្រីពាក់ព័ន្ធ ក៏ដូចជាតំណាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។
យោងតាមទំព័របណ្ដាញសង្គមរបស់ក្រសួងខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការផ្ដល់អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។
ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅដើមខែមិថុនា ឆ្នាំ 2024។ សម្រាប់ដំណាក់ទីពីរ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ 2024 បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ 2024៕