ក្រុមហ៊ុនចិន Xiaomi បានធ្វើឱ្យមានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅ Barcelona គ្រាដែលតាំងបង្ហាញ SU7 ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួន។ នេះគឺជាលើកដំបូងហើយដែល SU7 ត្រូវបានបង្ហាញដោយផ្ទាល់ បន្ទាប់ពីត្រូវបានប្រកាសព័ត៌មានជាលើកដំបូងនៅប្រទេសចិន កាលពីចុងឆ្នាំមុន។
SU7 គឺជាម៉ូដែលសេដានកីឡា ដែលមានពណ៌ខៀវខ្ចីដ៏ទាក់ទាញ។ រថយន្តនេះបើប្រាស់ម៉ូទ័រអគ្គិសនីរបស់ Xiaomi និងអាចបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលតែ 2.78 វិនាទី។
Xiaomi SU7 នឹងបំពាក់ថ្មផ្ទុកថាមពល 101 kWh ដែលអាចធ្វើដំណើរបានជាង 800 គីឡូម៉ែត្រ ឆ្ងាយជាងច្រើនបើធៀបនឹងបណ្ដារថយន្តអគ្គិសនីនាបច្ចុប្បន្ន។ រថយន្តនេះក៏មានបំពាក់មុខងារបញ្ចូលថាមពលលឿន ដែលអាចធ្វើដំណើរបាន 500 គីឡូម៉ែត្រ ក្រោយពីសាកថ្មបាន 15 នាទី។
អំពីបច្ចេកវិទ្យាវិញ SU7 ត្រូវបានបំពាក់ប្រព័ន្ធអង្គញាណដែលអនុញ្ញាតឱ្យវាបើកបរដោយស្វ័យប្រវត្ត រួមនឹងអេក្រង់កម្សាន្ត 16 អ៊ិញ និងអេក្រង់បង្ហាញព័ត៌មានសម្រាប់អ្នកបើកបរ ក៏ដូចជាប្រព័ន្ធបញ្ជាដែលអាចបង្វិលបានផងដែរ។
យោងតាម Absolute Geeks បើទោះ Xiaomi មិនទាន់បង្ហើបឱ្យដឹងអំពីតម្លៃ ឬថ្ងៃដាក់លក់ជាផ្លូវការ ប៉ុន្តែពួកគេកំពុងឆ្ពោះទៅរកគោលដៅក្លាយជាអ្នកផលិតរថយន្តនៅក្នុង top 5 របស់ពិភពលោក។ ប្រការនេះមានន័យថា Xiaomi SU7 អាចត្រូវបាននាំចេញទៅលក់ក្នុងទីផ្សារបរទេស បើទោះតម្លៃរបស់វាទំនងជាខ្ពស់៕