យាន Odysseus របស់ក្រុមហ៊ុន Intuitive Machines ត្រូវបានចារក្នុងប្រវត្តិសាស្ត្របន្ទាប់ពីបានក្លាយជាយានអវកាសឯកជនដំបូងគេដែលបានទទួលជោគជ័យក្នុងការចុះចតលើផ្ទៃព្រះចន្ទ កាលពីវេលាទៀបភ្លឺថ្ងៃទី 23 កុម្ភៈ ឆ្នាំ 2024 ម៉ោងនៅកម្ពុជា។
នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងការស្រាវជ្រាវទីអវកាស។ កន្លងមកពុំដែលមានយានអវកាសឯកជនណាមួយធ្លាប់បានទទួលជោគជ័យក្នុងការចុះចតលើផ្ទៃព្រះចន្ទ និងមិនទាន់មានយានអវកាសណាមួយរបស់អាម៉េរិក ចុះចតលើផ្ទៃឋានរណបនេះនៅឡើយ រាប់ចាប់ពីក្រោយការចុះចតរបស់យានមានមនុស្ស Apollo 17 កាលពីខែធ្នូ ឆ្នាំ 1972។
ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) មានផែនការកសាងមូលដ្ឋានមានមនុស្សសម្រាប់កម្មវិធី Artemis នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ជាទីដែលត្រូវបានគេជឿថា មានផ្ទុកទឹកកកយ៉ាងច្រើន។ ក៏ប៉ុន្តែ មុននឹងនាំមនុស្សឡើងទៅកាន់ទីនោះ ណាសាចង់ប្រមូលទិន្នន័យបន្ថែមទៀត ទាក់ទងនឹងតំបន់ដែលមិនសូវមានការស្រាវជ្រាវច្រើនមួយនេះ ក្នុងនោះរួមមានទាំងប្រភពទឹកជាដើម។
ដើម្បីឆ្លើយតបនឹងតម្រូវការខាងលើ ណាសាក៏បានបង្កើតកម្មវិធីដោយឡែកមួយដែលមានឈ្មោះថា CLPS (Commercial Lunar Payload Services) អនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនអាម៉េរិក អភិវឌ្ឍយានចុះចតលើផ្ទៃព្រះចន្ទបែបស្វ័យប្រវត្តិ ដើម្បីដឹកឧបករណ៍វិទ្យាសាស្ត្រ ហើយយាន Odysseus របស់ក្រុមហ៊ុន Intuitive Machines ក៏ស្ថិតក្នុងកម្មវិធីនេះផងដែរ៕