សិង្ហបុរីចំណាយប្រាក់យ៉ាងច្រើនដើម្បីបញ្ចុះបញ្ចូលកំពូលតារាចម្រៀង Taylor Swift មកបើកខនសឺននៅប្រទេសនេះ ដែលក្លាយជាទីសំចតតែមួយគត់របស់នាងនៅតំបន់អាស៊ីអាគ្នេយ៍។
«ដំណើរសម្ដែងនេះអាចនាំមកនូវផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចសិង្ហបុរី…។ នេះគឺជាអ្វីដែលបានកើតឡើងនៅតាមបណ្ដាទីក្រុងដែល Taylor Swift ធ្លាប់បានទៅសម្ដែង» ក្រសួងវប្បធម៌ និងទេសចរណ៍សិង្ហបុរី ប្រកាលកាលពីថ្ងៃទី 20 កុម្ភៈដូច្នេះ។
ក្រសួងនេះបានឱ្យដឹងថា បានធ្វើការជាមួយ AEG Presents ដែលជាស្ថាប័នប្រារព្ធកម្មវិធី Eras Tour របស់ Taylor Swift ដើម្បីបញ្ចុះបញ្ចូលតារាចម្រៀងនេះមកសម្ដែងនៅសិង្ហបុរី។ ក្រសួងនេះបានឱ្យដឹងថា បានចំណាយប្រាក់ឧបត្ថម្ភសម្រាប់ Taylor Swift ប៉ុន្តែមិនបានបង្ហើបឱ្យដឹងអំពីតួលេខជាក់លាក់។
កាលពីសប្ដាហ៍កន្លង នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានថ្លែងនៅក្នុងវេទិកាជំនួញថា សិង្ហបុរីបានចំណាយប្រាក់សម្រាប់ Taylor 100 លានបាត (ជាង 2.7 លានដុល្លារអាម៉េរិក) សម្រាប់ការសម្ដែងមួយយប់នៅប្រទេសនេះ អមនឹងលក្ខខណ្ឌ «សិង្ហបុរីត្រូវតែជាទីសំចតតែមួយគត់របស់តារាចម្រៀងស្រីរូបនេះនៅអាស៊ីអាគ្នេយ៍»។ ក៏ប៉ុន្តែ រដ្ឋាភិបាលសិង្ហបុរីមិនទាន់មានការអធិប្បាយអ្វីនៅឡើយ ទាក់ទងនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ។
ដំណើរសម្ដែងរបស់ Taylor swift នៅសិង្ហបុរី នឹងអូសបន្លាយពេល 6 ថ្ងៃ ចាប់ពីថ្ងៃទី 02 ដល់ទី 09 ខែមីនា ឆ្នាំ 2024។ សំបុត្រទាំង 300,000 សន្លឹកសម្រាប់ទស្សនាការសម្ដែង 6 យប់ ត្រូវបានលក់អស់គ្មានសល់។ តម្លៃសំបុត្រពិសេស (VIP) គឺជាង 900 ដុល្លារអាម៉េរិក។
Eras Tour របស់ Taylor បានចាប់ផ្ដើមពីខែមីនាឆ្នាំ 2023 ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ 2024 ក្នុងនោះមានការសម្ដែងចំនួន 151 យប់។ ក្នុងការសម្ដែងមួយយប់ មានទស្សនិកជនប្រហែល 72,000 នាក់ ដែលគ្រោងនឹងរកបានចំណូល 17 លានដុល្លារអាម៉េរិក៕