ស្នាមច្រែះ ជាស្នាមកខ្វក់ដែលមិនថាកើតនៅត្រង់ណាឡើយ វានឹងធ្វើឱ្យទីត្រង់នោះ ឬឧបករណ៍ប្រើប្រាស់នោះមើលទៅឃើញចាស់ទ្រុឌទ្រោម លែងស្អាត ហើយស្នាមច្រែះអាចរាប់បានថា ជាស្នាមកខ្វក់មួយដែលពិបាកក្នុងការសម្អាត ឬធ្វើឱ្យបាត់ទៅវិញបានណាស់ តែបងៗស្ត្រីមេផ្ទះជឿឡារ៉ែនចុះថា វាមិនបានពិបាកលើសពីសមត្ថភាពរបស់យើងឡើយ បើសិនជាយើងស្គាល់ពីវិធីកម្ចាត់វាដូចខាងក្រោមនេះ។
1- រូបមន្ត ក្រូចឆ្មារ + អំបិល
បងៗស្ត្រីមេផ្ទះអាចយកអំបិលសម្រាប់ស្លស្លុកធម្មតានោះមករោយពីលើស្នាមកំណកច្រែះនោះឱ្យច្រើនសមល្មម បន្ទាប់មកចូរច្របាច់ទឹកក្រូចឆ្មារពីលើចំណុចដែលរោយអំបិលនោះឱ្យជោក រួចទុកចោលប្រមាណជា 2 – 3 ម៉ោង ឱ្យអំបិល និងអាស៊ីតនៅក្នុងទឹកក្រូច
ឆ្មារបញ្ចេញប្រតិកម្មខាំបណ្ដាច់ស្នាមច្រែះទាំងនោះចេញ រួចហើយយកសម្បកផ្លែក្រូចឆ្មារទាំងនោះមកដុសខាត់ត្រង់កន្លែងស្នាមច្រែះនោះម្តងទៀត។ ត្រឹមតែប៉ុណ្ណឹងស្នាមច្រែះដ៏គួរឱ្យខ្លាចទាំងនោះនឹងរបូតបាត់អស់យ៉ាងងាយស្រួល។
2- រូបមន្តទឹកខ្មេះ + ក្រដាសអាលុយមីញ៉ូម (ក្រដាសភ្លឺៗសម្រាប់ខ្ចប់ត្រីដុត)
គឺជាវិធីមួយទៀតដែលអាចកម្ចាត់ស្នាមច្រែះបានយ៉ាងដាច់ខាត និងក៏ជាវិធីមួយដែលគេនិយមធ្វើជាទូទៅដែរ គឺយកក្រដាសអាលុយមីញ៉ូមជ្រលក់ទៅក្នុងទឹកខ្មេះ បន្ទប់មកយកមកដុសខាត់ឱ្យសព្វកន្លែងដែលមានស្នាមច្រែះ។ ខាត់ទៅជាបណ្ដើរៗរហូតទាល់តែកំណក
ស្នាមច្រែះទាំងនោះរបូតបាត់អស់។ បងៗស្ត្រីមេផ្ទះឃើញទេ មិនមានពិបាកបន្តិចណាសោះ…។
3- រូបមន្តម្សៅបេកឃីងសូដា + ច្រាសដុសធ្មេញ
បងៗស្ត្រីមេផ្ទះអាចរកទិញម្សៅបេកឃីងសូដាបាននៅតាមផ្សារទំនើប ឬបើមាននៅក្នុងផ្ទះស្រាប់ ក៏អាចយកមកកម្ចាត់កំណកស្នាមច្រែះបានដែរ ដោយយកវាមករោយពីលើកន្លែងដែលមានច្រែះស៊ី បន្ទាប់មកចូរយកច្រាសដុសធ្មេញចាស់ដែលលែងប្រើហើយមក
ជ្រលក់ទឹកឱ្យជោកហើយយកមកដុសខាត់កម្ចាត់ស្នាមច្រែះទាំងនោះតែម្ដង តែវិធីនេះគួរប្រើជាមួយវត្ថុណាដែលមិនចាំបាច់បារម្ភថានឹងកើតមានស្នាមឆ្កូតធ្វើឱ្យលែងស្អាត។
4- រូបមន្តទឹកខ្មេះ
សម្រាប់វត្ថុឧបករណ៍ប្រើប្រាស់ធ្វើពីលោហៈតូចៗដែលមានច្រែះស៊ី ដូចជា កន្ត្រៃកាត់ក្រចក ប្រដាប់គាស់គម្របដប-ល- បងៗស្ត្រីមេផ្ទះអាចកម្ចាត់ស្នាមច្រែះបានដោយវិធីងាយៗ គឺគ្រាន់តែយកទៅត្រាំក្នុងទឹកខ្មេះទុកចោលមួយយប់ប៉ុណ្ណោះ។ ព្រឹកស្អែកឡើងបងៗ
នឹងឃើញថា ស្នាមច្រែះដែលធ្លាប់តែតោងជាប់លើឧបករណ៍ប្រើប្រាស់ទាំងនោះបានរលាយអន្តរធានបាត់អស់យ៉ាងគ្មានសល់ស្លាកស្នាមបន្តិចណាឡើយ(វិធីនេះមិនចាំបាច់ប្រើកម្លាំងដុសខាត់ទៀតផង)។
5- រូបមន្តមើមដំឡូងបារាំងឆៅ + ទឹកសាប៊ូលាងចាន
វិធីចុងក្រោយ បងៗស្ត្រីមេផ្ទះអាចកម្ចាត់ស្នាមកំណកច្រែះបានដោយយកមើមដំឡូងបារាំងឆៅមកពុះជាពីរ ហើយយកទៅជ្រលក់ទឹកសាប៊ូលាងចាន ឬម្សៅបេកឃីងសូដាក៏បានបន្ទាប់មកយកទៅដុសខាត់លើស្នាមច្រែះទាំងនោះ។ នៅពេលសាច់ដំឡូងបារាំងចាប់ផ្ដើមប្រឡាក់ស្នាមច្រែះ ចូរកៀរសាច់ដែលប្រឡាក់នោះចេញ ហើយយកទៅជ្រលក់នឹងទឹកសាប៊ូលាងចានម្ដងទៀត ហើយយកមកដុសខាត់កន្លែងមានច្រែះនោះបន្ត។ ធ្វើបែបនោះជារឿយៗរហូតទាល់តែស្នាមច្រែះរលាយបាត់អស់។
មិនថាបងៗស្ត្រីមេផ្ទះនឹងជ្រើសរើសយករូបមន្តណាទៅកម្ចាត់ស្នាមច្រែះនោះទេ តែដំណាក់កាលចុងក្រោយ សូមកុំភ្លេច លាងឧបករណ៍ប្រើប្រាស់ទាំងនោះដោយទឹកឱ្យបានស្អាតហ្មត់ចត់ រួចហើយជូតឱ្យស្ងួតល្អដោយក្រណាត់ស្អាត ឬក៏យកទៅដាក់ហាលថ្ងៃទៀតក៏បាន ព្រោះវាអាចចៀសចេញឆ្ងាយពីការកើតច្រែះស៊ីបានយ៉ាងនិរន្តរ៍ហ្នឹងឯង៕