អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Thai Airways ឱ្យដឹងថា បណ្ដាយន្តហោះ Dreamliner ដែលបានបញ្ជាទិញពី Boeing នឹងត្រូវបានបំពាក់ម៉ាស៊ីនសន្សំសំច័យឥន្ធនៈ ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន។
ក្រុមហ៊ុនផលិតយន្តហោះ Boeing នាថ្ងៃទី 20 កុម្ភៈនេះ បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានបញ្ជាទិញយន្តហោះ Dreamliner ចំនួន 45 គ្រឿង ដែលនេះគឺជាការលក់ដ៏ធំលើកទីមួយរបស់ក្រុមហ៊ុនអាម៉េរិកនៅក្នុងពិព័រណ៍អាកាសចរណ៍សិង្ហបុរី។
ប្រកាសរបស់ Boeing ឱ្យដឹងថា Thai Airways បានជ្រើសយកយន្តហោះ 787-9 ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រយូរអង្វែងរបស់ក្រុមហ៊ុននេះ នៅក្នុងការប្ដូរផ្លាស់ថ្មី និងបង្កើនក្រុមហោះហើរសម្រាប់ប្រភេទយន្តហោះសន្សំសំច័យឥន្ធនៈ ក៏ដូចជាការពង្រីកជើងហោះហើរថ្មីរបស់ខ្លួន។
អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Thai Airways ឱ្យដឹងថា បណ្ដាយន្តហោះ Dreamliner ដែលបានបញ្ជាទិញពី Boeing នឹងត្រូវបានបំពាក់ម៉ាស៊ីនសន្សំសំច័យឥន្ធនៈ ដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន។ យោងតាម Boeing យន្តហោះ Dreamliner ជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និងការបំភាយឧស្ម័នពុលបានរហូតដល់ 25% បើធៀបនឹងបណ្ដាយន្តហោះដែលជំនួសដោយ Dreamliner។
តម្លៃនៃការជួញដូរនេះមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែបើយោងតាមតម្លៃយន្តហោះខាងលើដែលត្រូវបានប្រកាស ការទិញដូរនេះអាចមានតម្លៃសរុបឡើងដល់ 13.16 ពាន់លានដុល្លារអាម៉េរិក៕