អង្គការណាសាទើបតែបានបង្ហាញរូបរាងចុងក្រោយរបស់យានអវកាស Orion ដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ការដឹកអវកាសចរឡើងទៅកាន់ឋានព្រះចន្ទជាលើកដំបូង ក្រោយរយៈពេលកន្លះសតវត្សរ៍។
ណាសាបានចែករំលែករូបថតថ្មីៗរបស់យានអវកាស Orion ដែលនឹងដឹកអ្នកអវកាស 4 រូប ហោះឡើងទៅគោចរជុំវិញព្រះចន្ទនៅក្នុងបេសកកម្ម Artemis 2 ដែលគ្រោងនឹងចាប់ផ្ដើមការហោះហើរយ៉ាងឆាប់ត្រឹមខែកញ្ញាឆ្នាំ 2025។ ផ្នែកខាងក្នុងរបស់ Orion ត្រូវបានដំឡើងរួចរាល់នៅឯមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅ Florida។ នេះបើតាម Space ចុះផ្សាយកាលពីពេលថ្មីៗនេះ។
យាន Orion ហោះទៅកាន់ទីអវកាសបានពីរលើកមកហើយ នៅក្នុងបេសកកម្មគ្មានមនុស្សបើកបរ Artemis 1 ដែលក្នុងនោះ វាធ្លាប់ហោះដល់គន្លងតារាវិថីព្រះចន្ទកាលពីចុងឆ្នាំ 2022 និងជើងហោះហើរជុំវិញគន្លងតារាវិថីផែនដីកាលពីឆ្នាំ 2014។
Artemis 2 នឹងជាបេសកកម្មដំបូងដែលដឹកអវកាសចរនៅក្នុងកម្មវិធី Artemis។ Artemis 2 គឺជាការបើកផ្លូវសម្រាប់គោលដៅនាំមនុស្សទៅចុះចតលើផ្ទៃព្រះចន្ទ នៅក្នុងបេសកកម្ម Artemis 3។
កម្មវិធី Artemis របស់សហរដ្ឋអាម៉េរិក ត្រូវបានកំណត់គោលដៅសាងសង់តំបន់រស់នៅរបស់មនុស្ស ដែលស្ថិតនៅក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទ ដើម្បីប្រើប្រាស់ប្រភពទឹកនៅទីនោះ៕