យោងតាមការបង្ហាញរបស់គេហទំព័រ Times Higher Education បានបញ្ជាក់ថា សាកលវិទ្យាល័យដែលមានលំដាប់ខ្ពស់ជាងគេនៅអាស៊ីក្នុងឆ្នាំ 2017 ភាគច្រើនជាសាកលវិទ្យាល័យរបស់សិង្ហបុរី និងចិន។
ក្នុងការចាត់លំដាប់ថ្នាក់សាកលវិទ្យាល័យនៅអាស៊ីរបស់គេហទំព័រដ៏ល្បីល្បាញផ្នែកអប់រំមួយនេះ គឺប្រើមូលដ្ឋានគ្រឹះ និងចំណុចចម្បងៗដូចជាការចាត់លំដាប់ថ្នាក់ជាផ្លូវការរបស់សាកលវិទ្យាល័យលើពិភពលោក (The World University Ranking) ដែរ ប៉ុន្តែស្ថាប័នវាយតម្លៃនៅអាស៊ីផ្តោតសំខាន់លើចំណុចដែលជាក់លាក់នៃប្រទេសក្នុងអាស៊ីច្រើនបំផុត។
នីតិវិធីនៃការចាត់លំដាប់ថ្នាក់នេះគឺផ្តោតសំខាន់លើចំណុចគ្រឹះមួយចំនួនដូចជា ការបង្រៀន ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងទស្សនវិស័យជាអន្តរជាតិ រួមទាំងកត្តាចម្បងៗមួយចំនួនទៀត។
នៅឆ្នាំ2017 នេះ សិង្ហបុរី នៅតែបានគ្រងតំណែងជាប្រទេសដែលមានសាកលវិទ្យាល័យល្បីជាងគេនៅអាស៊ីដដែល ដោយនៅក្នុងនោះ Time Higher Education បានបង្ហាញនូវចំណាត់ថ្នាក់ដូចខាងក្រោម៖
- សាកលវិទ្យាល័យ National University of Singapore នៃប្រទេសសិង្ហបុរី
សាកលវិទ្យាល័យនេះមាននិស្សិតប្រមាណ 38,000 នាក់មកពី100ប្រទេសលើពិភពលោក ដែលសាកលវិទ្យាល័យ National University of Singapore ក៏ជាសាកលវិទ្យាល័យល្បីបំផុតមួយរបស់ប្រទេសសិង្ហបុរីផងដែរ។
- សាកលវិទ្យាល័យ Peking University នៃប្រទេសចិន
សាកលវិទ្យាល័យ Peking University ជាសាកលវិទ្យាល័យដែលមាននិស្សិតចុះឈ្មោះចូលរៀនប្រមាណ 35,000នាក់ ហើយសាកលវិទ្យាល័យនេះស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 27លើពិភពលោក។
- សាកលវិទ្យាល័យ Tsinghua University នៃប្រទេសចិន
សាកលវិទ្យាល័យ Tsinghua University ជាសាកលវិទ្យាល័យដែលមានទីតាំងនៅទីក្រុងប៉េកាំង ហើយវាត្រូវបានបង្កើតឡើងនៅឆ្នាំ 1911។ សាកលវិទ្យាល័យនេះស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ 30លើពិភពលោក។
- សាកលវិទ្យាល័យ Nanyang Technological University នៃប្រទេសសិង្ហបុរី
សាកលវិទ្យាល័យ Nanyang Technology University ជាសាកលវិទ្យាល័យមួយដែលមានភាពល្បីល្បាញដែលមាននិស្សិតប្រមាណ 33,000នាក់។ សាកលវិទ្យាល័យនេះស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ 52 របស់ពិភពលោក។
- សាកលវិទ្យាល័យ University of Hong Kong នៃទីក្រុងហុងកុង
សាកលវិទ្យាល័យ University of Hong Kong ជាសាកលវិទ្យាល័យមួយដែលមានភាពល្បីល្បាញនៅទិក្រុងហុងកុង មានសិស្សច្រើនជាង 30,000នាក់ មកពី104 ប្រទេសលើពិភពលោក។ សាកលវិទ្យាល័យនេះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ 40 របស់ពិភពលោក៕