ក្រោយការពន្យារពេលច្រើនថ្ងៃដោយសារអាកាសធាតុមិនល្អ ថ្មីៗនេះ ក្រុមហ៊ុនអវកាស SpaceX (អាម៉េរិក) និងទីភ្នាក់ងារអវកាសអាម៉េរិក (NASA – ណាសា) ក៏បានទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប PACE។
កាលពីថ្ងៃទី 08 កុម្ភៈ ផ្កាយរណបឧតុនិយមថ្មីបំផុតរបស់ណាសា ត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីផែនដីដោយជោគជ័យ។ ផ្កាយរណបនេះមានភារកិច្ចតាមដានមហាសមុទ្រ និងបរិយាកាសផែនដី ប្រកបដោយភាពលម្អិតបំផុតមិនធ្លាប់មានពីមុនមក។
PACE ត្រូវបាននាំឡើងទៅកាន់គោលដៅដោយរ៉ុក្កែត Falcon 9 របស់ SpaceX។ នៅពេលដំណើរការ PACE នឹងសង្កេតមើល និងជួយគាំទ្រដល់ការស្រាវជ្រាវអំពីការផ្លាស់ប្ដូរ ការប្រែប្រួលរបស់កាបូនឌីអុកស៊ីត រវាងមហាសមុទ្រ និងបរិយាកាស ព្រមទាំងតាមដានគុណភាពខ្យល់ វាយតម្លៃឧតុនិយមផែនដី និងស្ថានភាពមហាសមុទ្រ។ PACE គឺជាបេសកកម្មដំបូងរបស់រដ្ឋាភិបាលអាម៉េរិក ដែលបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីលើតំបន់ប៉ូល ពី Florida រាប់ចាប់ពីថ្ងៃទី 30 វិច្ឆិកា 1960។
PACE នឹងចំណាយពេលយ៉ាងតិច 3 ឆ្នាំ នៅក្នុងការសិក្សាស្រាវជ្រាវបរិយាកាស ក៏ដូចជាមហាសមុទ្រ ពីកម្ពស់ 676 គីឡូម៉ែត្រ។ PACE ត្រូវបានរំពឹងថា នឹងជួយកែលម្អសមត្ថភាពព្យាករអំពីបាតុភូតធម្មជាតិអាក្រក់ៗនៅលើផែនដី។
ក្រុមអ្នកវិទ្យាសាស្ត្រទំនងជានឹងចាប់ផ្ដើមទទួលទិន្នន័យពី PACE នៅក្នុងចន្លោះពីមួយទៅពីរខែទៀត។