ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ កំពុងអនុវត្តយុទ្ធសាស្ត្រមួយដើម្បីអូសទាញភ្ញៀវទេសចរណ៍មកពីប្រទេសចិន នោះគឺគោលនយោបាយលើកលែងទិដ្ឋាការ (Visa) ដែលមិនធ្លាប់មានពីមុនមក។
ដោយការលើកលែងទិដ្ឋាការនេះ ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងបីខាងលើ កំពុងប្រើប្រាស់ភាពទាក់ទាញនៃការដើរហើរដោយសេរី ដើម្បីជំរុញ និងស្ដារវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិសុខភាពនាប៉ុន្មានឆ្នាំកន្លង។ នេះបើតាម Reuters ចុះផ្សាយកាលពីថ្ងៃទី 09 កុម្ភៈ 2024។
វិស្វករជនជាតិចិន លោក Wei Ming គឺជាសាក្សីមួយសម្រាប់បញ្ជាក់អំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រខាងលើ នៅពេលគាត់ប្ដូរគម្រោងទេសចរណ៍របស់ខ្លួនពីអូស្ត្រាលី មកសិង្ហបុរី គ្រាដែលទិដ្ឋាការត្រូវបានលើកលែង។ ថ្នាក់ដឹកនាំរបស់ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី សង្ឃឹមថា ការលើកលែងទិដ្ឋាការនឹងទាក់ទាញទេសចរចិនបានច្រើននៅក្នុងរដូវបុណ្យនិទាឃរដូវឆ្នាំនេះ ដែលជារដូវឈប់សម្រាកដំបូង រាប់ចាប់តាំងពីទីក្រុងប៉េកាំង បានបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរព្រោះតែកូវីដ-19។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគព្រមានថា ឱនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ស្ថានភាពអស្ថិរភាពក្នុងមុខរបរ ការងារ និងប្រាក់ចំណូលធ្លាក់ចុះ អាចកាត់បន្ថយដំណើរទេសចរណ៍ក្រៅប្រទេសរបស់ពលរដ្ឋចិន នាំឱ្យគោលនយោបាយលើកលែងទិដ្ឋាការខាងលើមិនសូវមានប្រសិទ្ធភាព៕