ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជាទាក់ទាញបានការវិនិយោគប្រមាណ 172គម្រោង ដែលមានទុនសរុបជិត 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង 19 ម៉ឺនកន្លែង។
ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូចខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024 នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។
យោងតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់ចាប់តាំងពីពេលដែលកម្ពុជាទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕