ក្រុមអ្នកផលិតនៅអឺរ៉ុប នាំគ្នាសុំជំនួយ ព្រោះតែមិនអាចប្រកួតប្រជែងបានជាមួយនឹងផ្ទាំងសូឡាតម្លៃទាបដែលផលិតនៅប្រទេសចិន ប៉ុន្តែមិនទាន់រកឃើញវិធីដោះស្រាយដែលមិនមានផលវិបាក។
សហភាពអឺរ៉ុប (EU) ទើបតែទទួលបានជោគជ័យក្នុងវិស័យថាមពលបៃតងនាឆ្នាំកន្លង។ ពួកគេបានដំឡើងផ្ទាំងសូឡាច្រើនជាងឆ្នាំ 2022 រហូតដល់ 40% បើគិតអំពីអានុភាព។ ក៏ប៉ុន្តែ ជោគជ័យនេះមិនបានជួយអ្វីដល់បណ្ដាក្រុមហ៊ុនផលិតផ្ទាំងសូឡាក្នុងស្រុក។ ព្រោះថា ផ្ទាំងសូឡា ក៏ដូចជាជើងទម្រ និងឧបករណ៍ដំឡើង ភាគច្រើនត្រូវបាននាំចូលពីប្រទេសចិន។ នេះបើយោងតាមទិន្នន័យរបស់អង្គការថាមពលអន្តរជាតិ។
នៅពេលត្រូវបានផ្ដួលដោយសារគូប្រជែងមកពីចិន បូករួមនឹងស្ថានភាពបរិមាណច្រើនលើសពីតម្រូវការ ក្រុមហ៊ុនមួយចំនួននៅ EU បានធ្លាក់ចូលក្នុងវិបត្តិ។ ការប្រកាសបិទទ្វាររោងចក្រកំពុងកើតឡើងជាហូរហែនៅអឺរ៉ុប។ វិស័យឧបករណ៍អគ្គិសនីព្រះអាទិត្យនៅអឺរ៉ុបបានព្រមានថា ផលិតកម្មប្រមាណពាក់កណ្ដាលអាចនឹងបាត់ខ្លួនពីទីផ្សារ បើសិនរដ្ឋាភិបាលមិនជួយដោះស្រាយ។
បណ្ដាក្រុមហ៊ុននៅអឺរ៉ុបបានចោទប្រកាន់ថា ក្រុមហ៊ុននានានៅប្រទេសចិន កំពុងលក់ទំនិញក្នុងតម្លៃទាបជាងការចំណាយក្នុងការផលិត។ Gunter Erfurt ដែលជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនីព្រះអាទិត្យ Meyer Burger និយាយថា វិស័យឧស្សាហកម្មនៅប្រទេសចិន ទទួលបានជំនួយច្រើនរាប់រយពាន់លានដុល្លារអាម៉េរិក ពីរដ្ឋាភិបាលរបស់ពួកគេ។
ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលនានានៅ EU កំពុងប្រឹងប្រែងដោះស្រាយ ប៉ុន្តែ នៅមិនទាន់រកឃើញចំណុចឯកភាពគ្នានៅឡើយ ទាក់ទងនឹងបញ្ហាខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសខ្លះ បានសម្ដែងការព្រួយបារម្ភចំពោះរឿងដែលថា ក្រុមមន្ត្រី EU អាចនឹងពិចារណាលើការកាត់បន្ថយពាណិជ្ជកម្មចំពោះផ្ទាំងសូឡាដែលមានប្រភពពីប្រទេសចិន ដោយលើកហេតុផលថា ប្រការនេះអាចរារាំងល្បឿននៃការរីកចម្រើនរបស់វិស័យថាមពលបៃតងនៅអឺរ៉ុបជាដើម ខណៈដែលមន្ត្រីប្រទេសខ្លះទៀតថា នឹងរឹតបន្តឹងការនាំចូលផលិតផលនេះពីប្រទេសចិន៕