ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។
បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។
ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។
China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande នៅតែជាស្រមោលអាក្រក់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន៕