ម៉ូដែលដំបូងរបស់ Xiaomi EV គឺ SU7 នឹងឈានចូលដល់ដំណាក់កាលផលិតឆាប់ៗខាងមុខ។
យោងតាមសេចក្ដីប្រកាស Xiaomi EV មានគម្រោងផលិតរថយន្តអគ្គិសនីឱ្យបានប្រហែល 2,000 គ្រឿងនៅក្នុងខែមីនា និងបង្ហើយការបង្កើនបរិមាណនៅពាក់កណ្ដាលឆ្នាំ 2024 ដែលក្នុងនោះ ពួកគេនឹងផលិតបានជាង 10,000 គ្រឿងនៅក្នុងខែកក្កដាឆ្នាំនេះ។
ក្រុមហ៊ុនចិន Xiaomi បានប្រកាសជាផ្លូវការកាលពីខែមីនាឆ្នាំ 2021 ថា ពួកគេនឹងចូលរួមផលិតរថយន្ត ដោយបញ្ជាក់ថា ពួកគេនឹងវិនិយោគ 10 ពាន់លានយុនសម្រាប់ដំណាក់កាលដំបូងនៃសកម្មភាពជំនួញផ្នែករថយន្ត ហើយគ្រោងនឹងវិនិយោគ 10 ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល 10 ឆ្នាំខាងមុខ។
ក្រុមហ៊ុនខាងលើបានបង្ហាញរថយន្តអគ្គិសនី SU7 របស់ខ្លួនកាលពីថ្ងៃទី 28 ធ្នូ 2023 និងបានឱ្យដឹងថា ក្រុមហ៊ុនសង្ឃឹមថា នឹងក្លាយជាមួយក្នុងចំណោមអ្នកផលិតរថយន្តលំដាប់ពិភពលោក នៅក្នុងរយៈពេលពី 15 ទៅ 20 ឆ្នាំទៀត។
Xiaomi មិនទាន់ប្រកាសព័ត៌មានស្ដីពីតម្លៃរបស់ SU7 ក៏ដូចជាពេលវេលាបង្ហាញរថយន្តនេះជាផ្លូវការ។ ប៉ុន្តែ បើយោងតាម CnEVPost កំណែខ្ពស់បំផុតរបស់ Xiaomi SU7 នឹងមានតម្លៃ 50,320 ដុល្លារអាម៉េរិក៕