យានអវកាស Perseverance បានបញ្ជូនរូបភាពស្ដីពីដៃគូសហការដែលបាន «ស្លាប់» របស់ខ្លួន មកកាន់ផែនដី។
នៅក្នុងរូបភាពដែលទើបត្រូវបានណាសាប្រកាស យានអវកាស Ingenuity ដែលជារ៉ូបូតឧទ្ធម្ភាគចក្ររបស់មនុស្សនៅលើភពអង្គារ កំពុងដេកស្ងៀមតែឯងនៅលើវាលខ្សាច់។ វាទើបត្រូវបានប្រកាសថា បានបញ្ចប់បេសកកម្មតាមរកភាវរស់នៅលើភពក្រហមនេះ។
យោងតាម Space.com រូបភាពនេះត្រូវបានយានរ៉ូបូត Perseverance ជាមិត្តរួមការងាររបស់ Ingenuity ថតនៅវេលាម៉ោង 13 និង 5 នាទី ថ្ងៃទី 4 កុម្ភៈ ម៉ោងក្នុងតំបន់នៅលើភពអង្គារ ក្រោយពី Perseverance បានចំណាយពេលច្រើនថ្ងៃក្នុងការស្វែងរក។
មុននោះ Ingenuity បានដាច់ទំនាក់ទំនងជាមួយណាសា កាលពីពាក់កណ្ដាលខែមករា 2024។ បញ្ហានេះត្រូវបានរកឃើញថា កើតឡើងដោយសារឧទ្ធម្ភាគចក្រនេះធ្លាក់ក្នុងពេលចុះចត។
ឧទ្ធម្ភាគចក្រ Ingenuity និងយាន Perseverance បានចុះចតលើភពអង្គារកាលពីខែកុម្ភៈ 2021។ ពួកវាមានភារកិច្ចតាមរកភាវរស់នៅភពក្រៅផែនដី ពោលគឺនៅតំបន់ Jezero Crater របស់ភពអង្ការ ជាទីដែលធ្លាប់មានបឹងទឹក និងវាលរាបកាលពីបុរាណ។
Ingenuity មានភារកិច្ចហោះហើរស៊ើបការណ៍ ដើម្បីជួយ Perseverance ដែលបំពាក់ឧបករណ៍វិទ្យាសាស្ត្រជាច្រើនមុខ កំណត់ទិសដៅក្នុងការតាមរកដាននៃជីវិត។
Ingenuity ត្រូវបានណាសាកំណត់ពេលវេលា 30 ថ្ងៃ ក្នុងការបំពេញបេសកកម្ម ខណៈដែល Perseverance ត្រូវបានកំណត់ពេលវេលាជិត 2 ឆ្នាំ។ ប៉ុន្តែ Ingenuity បានធ្វើការមិនឈប់ឈរក្នុងរយៈពេល 3 ឆ្នាំកន្លង គ្រាដែលរ៉ូបូត Perseverance នៅតែមានស្ថានភាពល្អ ហើយអាចចំណាយពេលធ្វើការលើភពអង្គារបានច្រើនឆ្នាំទៀត។
នៅលើភពអង្គារ ក្រៅពីយានទាំងពីរគ្រឿងខាងលើ ណាសាក៏នៅមានរ៉ូបូតមួយទៀតដែលដូចទៅនឹង Perseverance ប៉ុន្តែជាកំណែចាស់ជាង នោះគឺ Curiosity។ យាននេះបានធ្វើសកម្មភាពលើភពអង្គារតាំងពីឆ្នាំ 2011 ហើយមកដល់បច្ចុប្បន្ន វានៅតែមានស្ថានភាពល្អប្រសើរ៕