ថ្មីៗនេះ ប្រទេសថៃ និងស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលនេះត្រូវបាន ស្រីលង្កា សង្ឃឹមថា នឹងជួយឱ្យប្រទេសនេះរួចផុតពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតនៅក្នុងច្រើនទសវត្សរ៍កន្លង។
ស្រីលង្កា កំពុងតែផ្លាស់ប្ដូរទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុដែលប្រទេសនេះកំពុងប្រឈមមុខ។ ធនាគារពិភពលោក (WB) បានគណនាឃើញថា សេដ្ឋកិច្ចរបស់ស្រីលង្កា បានរួមតូច 3.8% កាលពីឆ្នាំកន្លង បន្ទាប់ពីវិបត្តិរូបិយបណ្ណបរទេសដ៏ធ្ងន់ធ្ងរបានធ្វើឱ្យប្រទេសនេះធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុ។
ប្រតិភូមួយក្រុមដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានទៅកាន់រដ្ឋធានីកូឡុំបូ ដើម្បីចុះហត្ថលេខាលើ FTA រួមនឹងកិច្ចព្រមព្រៀងដទៃ ជាមួយនឹងសមភាគីនានានៅស្រីលង្កា។
កិច្ចព្រមព្រៀង FTA ថៃ – ស្រីលង្កា ត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍ទីផ្សារ ការវិនិយោគ លិខិតស្នាមគយ និងបញ្ហាកម្មសិទ្ធិបញ្ញារវាងប្រទេសទាំងពីរ។
ថៃគឺជាប្រទេសដែលសំខាន់សម្រាប់ស្រីលង្កា នាបច្ចុប្បន្ន។ GDP របស់ប្រទេសថៃ បានឈានដល់ 495 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2022 និងជាមួយក្នុងចំណោមអ្នកវិនិយោគនៅបរទេសធំជាងគេក្នុងតំបន់អាស៊ាន។
យោងតាមទិន្នន័យរបស់ធនាគារកណ្ដាលស្រីលង្កា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ 460 លានដុល្លារក្នុងឆ្នាំ 2021។ ទំនិញដែលស្រីលង្កានាំចេញទៅកាន់ប្រទេសថៃ ភាគច្រើនគឺតែ និងត្បូងមានតម្លៃ ហើយនាំចូលឧបករណ៍អេឡេចត្រូនិច ស្បៀង កៅស៊ូ ជ័រ និងឱសថពីប្រទេសថៃ៕