យន្តហោះអវកាស Dream Chaser ដែលអាចប្រើប្រាស់ឡើងវិញបានច្រើនដង និងអាចផ្ទុកទំនិញបាន 5,215 គីឡូក្រាម ត្រូវបានបង្ហាញនៅមុនបេសកកម្មហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ជាលើកដំបូង នៅចុងឆ្នាំនេះ។
ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) និងក្រុមហ៊ុន Sierra Space នៅ Colorado កាលពីថ្ងៃទី 01 កុម្ភៈ 2024 បានអញ្ជើញក្រុមអ្នកយកព័ត៌មានទៅទស្សនា Dream Chaser ដោយផ្ទាល់។ នេះបើតាមទំព័រសារព័ត៌មាន Space។
ព្រឹត្តិការណ៍នេះកើតឡើងនៅក្នុងមូលដ្ឋានធ្វើតេស្ត Neil Armstrong របស់ណាសា នៅ Sandusky។ យន្តហោះអវកាស Dream Chaser និងម៉ូឌុលដឹកទំនិញដែលមានរហ័សនាមថា «Tenacity» និង «Shooting Star» ត្រូវបានដំឡើងបញ្ឈរត្រង់ដូចពេលត្រៀមបាញ់បង្ហោះ។ យានមួយគូនេះមានកម្ពស់ 16.8 ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងរថយន្តដឹកសិស្សសាលាខ្នាតធំ។
ជើងហោះហើរដំបូងរបស់ Tenacity នឹងដឹកទំនិញរបស់ណាសា ឡើងទៅកាន់ ISS។ ក៏ប៉ុន្តែ មុនពេលហោះហើរជើងដំបូង Tenacity និង Shooting Star នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនទៀតនៅ Sandusky។
តាមផែនការ Shooting Star នឹងឆេះខ្ទេចនៅក្នុងបរិយាកាសផែនដី បន្ទាប់ពីបានបំពេញភារកិច្ចតែមួយលើកគត់។ ចំណែក Tenacity នឹងចុះចតលើផែនដី ហើយត្រៀមសម្រាប់បេសកកម្មបន្ទាប់។ យន្តហោះអវកាស Tenacity ត្រូវបានអភិវឌ្ឍឡើងដើម្បីអាចហោះហើរបាន 15 ជើង។ យាននេះនឹងដឹកទំនិញជាង 3,540 គីឡូក្រាម នៅក្នុងជើងហោះហើរដំបូង បើទោះជាវាអាចដឹកបានរហូតដល់ 5,215 គីឡូក្រាម។ សំរាមជាង 3,950 គីឡូក្រាម អាចនឹងត្រូវបានទម្លាក់ចោលពីម៉ូឌុលដឹកទំនិញរបស់វា នៅក្នុងពេលហោះត្រឡប់មកកាន់ផែនដី។
តាមគម្រោង Tenacity និង Shooting Star នឹងត្រូវបានបាញ់បង្ហោះនៅពាក់កណ្ដាលដើមឆ្នាំនេះ។ ក្រោយពីបេសកកម្មនេះបានបញ្ចប់ សំណើសុំអាជ្ញាបណ្ណសម្រាប់ប្រព័ន្ធដឹកជញ្ជូននេះក៏នឹងត្រូវបានធ្វើឡើងផងដែរ៕