កាលពីថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល។
ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទាក់ទងនឹងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅកម្ពុជា។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ទំព័របណ្ដាញសង្គមរបស់ CDC ឱ្យដឹងថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ 706 លានដុល្លាអាមេរិក នៅក្នុងការបង្កើតផ្សារទំនើបចំនួនបីទីតាំង នៅកម្ពុជា គឺ ផ្សារទំនើបអ៊ីអនម៉ល ទីមួយ, ទីពីរ និងទីបី។
បច្ចុប្បន្ន AEON Mall (Cambodia) ក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ AEON Mall (Cambodia) Logi Plus Co., Ltd ដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។
AEON Mall (Cambodia) Co., Ltd. គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន AEON Mall Co., Ltd. នៅប្រទេសជប៉ុន ដែលមានផ្សារទំនើបសរុបប្រមាណ 203 ទីតាំង នៅក្នុងប្រទេសចំនួន 14 លើពិភពលោក៕