តំបន់ចម្រុះ One Za’abeel ដែលរួមមានអគារចំនួនពីរ កម្ពស់ 305 ម៉ែត្រ និង 235 ម៉ែត្រ ហើយនៅកណ្ដាលគឺជាស្ពានដែលមានប្រវែង 230 ម៉ែត្រដ៏ពិសេស។
តំបន់ចម្រុះ One Za’abeel ដែលទើបសង់ថ្មីនៅឌូបៃ របស់ អេមីរ៉ាតអារ៉ាបរួម ត្រូវបានសាងសង់ដោយក្រុមហ៊ុនជប៉ុន Nikken Sekkei។ One Za’abeel មានរចនាសម្ព័ន្ធ cantilever វែងបំផុតលើពិភពលោក ពោលគឺប្រហែល 66 ម៉ែត្រ។ នេះបើតាម Design Boom ចុះផ្សាយកាលពីថ្ងៃទី 01 មករា 2024។ Cantilever គឺជារចនាសម្ព័ន្ធផ្ដេកដែលត្រូវបានភ្ជាប់តែមួយចំហៀងទៅនឹងសសរបញ្ឈរ។
One Za’abeel រួមមានអគារកប់ពពកចំនួនពីរ គឺ The Tower និង The Residences ដែលតភ្ជាប់នឹងគ្នាដោយស្ពានបិទជិតមួយដែលមានឈ្មោះថា The Link។ ដោយស្ថិតនៅច្រកចូលទៅកាន់តំបន់ហិរញ្ញវត្ថុនៅកណ្ដាលក្រុងឌូបៃ គម្រោងនេះគឺជាចំណុចលេចធ្លោចំពោះភ្ញៀវដែលមកពីព្រលានយន្តហោះអន្តរជាតិឌូបៃ។
សំណង់នេះឆ្ពោះទៅរកការបង្កើតសហគមន៍សកម្មធំមួយ ដែលបម្រើប្រជាជន និងភ្ញៀវអន្តរជាតិ។ ក្នុងនោះសំណង់នេះផ្ដល់ជម្រើសច្រើនដល់ភ្ញៀវទេសចរណ៍ មានដូចជា ភោជនីយដ្ឋាន ហាងលក់រាយ តំបន់សម្រាប់ការិយាល័យ សណ្ឋាគារ លំហបៃតង សួនច្បារ និងអាងហែលទឹក។ល។