យានអវកាស SLIM នឹងឆ្លងកាត់រាត្រីត្រជាក់ដ៏វែងនៅលើឋានព្រះចន្ទ ដោយការស្ថិតនៅស្ងៀមមួយកន្លែង ហើយប្រហែលជាមិនអាចដំណើរការឡើងវិញបាន នាពេលខាងមុខ។
យានចុះចត SLIM របស់ប្រទេសជប៉ុន បានអស់ថាមពលមុនពេលរាត្រីត្រជាក់លើឋានព្រះចន្ទចូលមកបញ្ចប់បេសកកម្ម ប៉ុន្តែវានៅតែអាចបញ្ជូនរូបថតចុងក្រោយមួយចំនួន រួមនឹងទិន្នន័យវិទ្យាសាស្ត្រ មកកាន់ផែនដីដល់ពេល។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 01 កុម្ភៈ 2024។
SLIM (Smart Lander for Investigating Moon) បានជោគជ័យក្នុងការចុះចតនៅលើឋានព្រះចន្ទកាលពីថ្ងៃទី 19 មករា 2024 បើទោះផ្ទាំងសូឡាជួបបញ្ហា ធ្វើឱ្យយាននេះត្រូវផ្អាកសកម្មភាពលើឋានព្រះចន្ទជាបណ្ដោះអាសន្ន។ ប៉ុន្តែ SLIM បានដំណើរការឡើងវិញ បន្ទាប់ពីការចុះចតបានជិតដប់ថ្ងៃ នៅពេលព្រះអាទិត្យបានជះពន្លឺមកលើផ្ទាំងសូឡារបស់វា។
អង្គការស្រាវជ្រាវអវកាសជប៉ុន (JAXA) បានចែករំលែករូបថតចុងក្រោយដែលបានពីយាន SLIM កាលពីថ្ងៃទី 31 មករា។ ពួកគេក៏បានបញ្ជាក់ថា យាននេះបានឈានដល់ស្ថានភាពដេកស្ងៀមដូចការគ្រោងទុក។ JAXA នឹងត្រូវរង់ចាំមួយរាត្រីនៅលើឋានព្រះចន្ទ ដែលប្រហែលនឹង 14.5 ថ្ងៃនៅលើផែនដី រួមនឹងលក្ខខណ្ឌកម្ដៅព្រះអាទិត្យនៅថ្ងៃបន្ទាប់ ដែលចាប់ផ្ដើមពីថ្ងៃទី 15 កុម្ភៈ មុនពេល SLIM អាចភ្ញាក់ខ្លួនជាថ្មី។ សីតុណ្ហភាពពេលយប់នៅលើឋានព្រះចន្ទគឺប្រហែល -130 អង្សាសេ។
ក៏ប៉ុន្តែ បើទោះ SLIM អាច ឬមិនអាចដឹងខ្លួនជាថ្មី យាននេះក៏បានបំពេញភារកិច្ចទាំងស្រុងដោយជោគជ័យរួចហើយ ក្នុងនោះមានដូចជា ការចុះចតត្រូវតាមផែនការ ការដាក់ពង្រាយរ៉ូបូតខ្នាតតូចចំនួនពីរគ្រឿង និងប្រមូលបានទិន្នន័យផ្នែកវិទ្យាសាស្ត្រជាច្រើនជាដើម៕