ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វ៊ីលីពីន មានកំណើន 5.6% ខ្ពស់ជាងកំណើនមធ្យមភាគ5.5% ដែលត្រូវបានរកឃើញក្នុងការស្រាវជ្រាវរបស់ក្រុមសេដ្ឋវិទូនានា។
ការសម្រេចបានខាងលើ ជួយឱ្យហ្វ៊ីលីពីន ក្លាយជាខឿនសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំ 2023 ដោយសារកំណើននៃការប្រើប្រាស់ទំនិញ សេវាកម្ម និងវិនិយោគ។ ភាគហ៊ុននៅប្រទេសនេះក៏បានរីកមាឌបន្ថែមជាង 1% ខណៈរូបិយបណ្ណប៉េសូហ្វ៊ីលីពីន ធ្លាក់ថ្លៃ 0.1% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
បើទោះជាល្បឿននៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយឺតជាងគោលដៅ 6-7% របស់រដ្ឋាភិបាលហ្វ៊ីលីពីន ប៉ុន្តែមកដល់បច្ចុប្បន្ន នេះគឺជាកំណើនដែលលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សេដ្ឋកិច្ចម៉ាឡេស៊ី ដែលធ្លាប់មានកំណើនលឿនបំផុត (8.7%) ប្រចាំអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 2022 ទំនងជានឹងធ្លាក់មកនៅត្រឹម 3.8% ក្នុងឆ្នាំ 2023។ ឥណ្ឌូណេស៊ី និងថៃ នឹងប្រកាសទិន្នន័យសេដ្ឋកិច្ចក្នុងឆ្នាំ 2023 នៅខែក្រោយ៕