គម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន 32 គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង 187 លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែមករា ឆ្នាំ 2024។
ខាងលើនេះគឺជាសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនាថ្ងៃទី 01 កុម្ភៈ 2024។
យោងតាមសេចក្ដីប្រកាសនេះ គម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំខែមករា រួមមាន គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិចនៅស្រុកសំរោង ខេត្តតាកែវ, គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល, គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូំ ដែក និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងគម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
CDC ក៏បានឱ្យដឹងថា នៅក្នុងខែមករាកន្លងទៅ ទុនវិនិយោគប្រមាណ 2.73% មានប្រភពពីក្នុងស្រុក, ជាង 78% មានប្រភពពីប្រទេសចិន, 9.65% មកពីសិង្ហបុរី, 5.34% មកពីសហរដ្ឋអាម៉េរិក និង 3.55% មកពីសាធារណរដ្ឋកូរ៉េ។
គម្រោងវិនិយោគចំនួន 32 គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង 187 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត 29 ពាន់កន្លែងនេះ គឺសុទ្ធតែស្ថិតនៅក្នុងវិស័យឧស្សាហកម្ម៕