ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ ដែលស្ថិតនៅរាជធានីភ្នំពេញ ត្រង់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា នៅថ្ងៃទី 19 កុម្ភៈ 2024 ខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី 31 មករា ក្រោយពីមានកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែលដឹកនាំដោយ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដែលទទួលបានឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី 19 ខែកុម្ភៈ ឆ្នាំ 2024៕