ទីក្រុងឌូបៃប្រកាសថា នឹងប្រារព្ធព្រឹត្តិការណ៍នាំមុខគេ ប្រមូលផ្ដុំដោយក្រុមប្រណាំងដែលប្រើប្រាស់ឈុតហោះហើរល្បឿនលឿនមកពីជុំវិញពិភពលោក។
ក្រុមប្រឹក្សាកីឡាឌូបៃ ក្រោមការចង្អុលបង្ហាញរបស់រាជទាយាទឌូបៃ Sheikh Hamdan bin Mohammed bin Rashid AI Maktoum ថ្មីៗនេះបានប្រកាសអំពីការប្រារព្ធព្រឹត្តិការណ៍ប្រណាំងឈុតហោះហើរប្រតិកម្មឌូបៃ។ នេះនឹងជាព្រឹត្តិការណ៍ប្រណាំងឈុតហោះហើរល្បឿនលឿនដំបូងគេលើពិភពលោក ក្នុងនោះ កីឡាករចូលរួមនឹងប្រើប្រាស់ឈុតហោះហើរដើម្បីបង្ហាញសមត្ថភាព និងល្បឿននៅលើអាកាស។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 30 មករា 2024។
កីឡាករជំនាញ 8 នាក់ មកពីជុំវិញពិភពលោក រួមមាន Ahmed AI Shehhi របស់អេមីរ៉ាតអារ៉ាបរួម (UAE) ផងដែរ នឹងប្រឈមមុខដាក់គ្នាដើម្បីបញ្ជាក់ពីសមត្ថភាព។ ព្រឹត្តិការណ៍នេះនឹងត្រូវបានធ្វើឡើងក្រោមការឧបត្ថម្ភរបស់ Gravity Industries ជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យាឈុតសម្លៀកបំពាក់ហោះហើរល្បឿនលឿន។
យោងតាមការព្រមព្រៀងរវាងក្រុមប្រឹក្សាកីឡាឌូបៃ និង Gravity Industries ព្រឹត្តិការណ៍ប្រណាំងនេះនឹងកើតឡើងនៅថ្ងៃទី 28 កុម្ភៈ 2024 នៅក្នុងពិព័រណ៍នាវាឌូបៃ។ ភ្ញៀវដែលចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះនឹងមានឱកាសបានទស្សនាការប្រណាំងដ៏កម្រនេះ៕