ប្រទេសថៃ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរួម ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី 01 មីនា 2024។ កិច្ចព្រមព្រៀងនេះមិនត្រឹមតែក្នុងបំណងពង្រឹង និងពង្រីកវិស័យទេសចរណ៍នោះទេ ប៉ុន្តែក៏ជួយជំរុញពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលដល់ការដោះដូរក្នុងវិស័យផ្សេងៗរបស់ប្រទេសទាំងពីរនេះផងដែរ។
ក្នុងសន្និសីទសារព័ត៌មានក្រោយពីបានចូលរួមពិធីចុះហត្ថលេខានៅរាជធានីបាងកកជាមួយនឹងសមភាគីថៃ Parnpree Bahiddha-Nukara រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា នៅពេលប្រទេសទាំងពីរឈានចូលដល់ «សម័យលើកលែងទិដ្ឋាការ» កិច្ចព្រមព្រៀងនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់វិស័យទេសចរណ៍នោះទេ ប៉ុន្តែក៏នឹងបង្កើតបានជាទំព័រថ្មីនៅក្នុងការប្ដូរផ្លាស់វប្បធម៌ និងមនុស្សទៅវិញទៅមកទៀតផង។
យោងតាមកិច្ចព្រមព្រៀងនេះ ពលរដ្ឋចិន និងថៃ នៅពេលមានលិខិតឆ្លងដែន នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសគ្នា ដោយមិនត្រូវការទិដ្ឋាការ ហើយអាចស្នាក់នៅបាន 30 ថ្ងៃ។ តាមការរំពឹងទុក ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ចំនួនភ្ញៀវចិនទៅលេងនៅប្រទេសថៃ ប្រាកដជានឹងកើនឡើងច្រើន គ្រាដែលពលរដ្ឋថៃក៏នឹងទទួលបានការសាទរយ៉ាងកក់ក្ដៅ នៅពេលទៅលេងប្រទេសចិន។
ក្រៅពីប្រទេសថៃ ប្រទេសចិន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរួមជាមួយនឹងសិង្ហបុរីផងដែរ ក្នុងនោះ កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី 09 កុម្ភៈខាងមុខ។ ក្រៅពីនេះ ម៉ាឡេស៊ីដែលជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិត្តផងដែរ៕