ការព្យាកររបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានបង្ហាញថា ទីផ្សាររថយន្តក្នុងឆ្នាំ 2024 នឹងមានកំណើនជាវិជ្ជមាន ដោយនឹងកើនប្រមាណ 15% ក្នុងនោះ ទីផ្សាររថយន្តថ្មីនឹងបន្តកើនឡើង ស្របពេលដែលរថយន្តជជុះនឹងបន្តធ្លាក់ចុះ។
យោងតាម CAIF អត្រានៃការលក់រថយន្តក្នុងឆ្នាំ 2023 បានធ្លាក់ចុះប្រមាណជាង 20% ក្នុងនោះ រថយន្តជជុះបានធ្លាក់ចុះប្រមាណ 30% បើធៀបនឹងឆ្នាំ 2022។ ក៏ប៉ុន្តែ សន្ទុះនៃការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងក្រុមហ៊ុនចែកចាយរថយន្តថ្មី នៅតែបន្តមានសកម្មភាពវិនិយោគ ក៏ដូចជាពង្រីកសាខាចែកចាយរថយន្តថ្មី។ ប្រការនេះគឺជាសញ្ញាណវិជ្ជមាននៃវិស័យឧស្សាហកម្មយានយន្តរបស់កម្ពុជា។
មន្ត្រីនៅ CAIF បានឱ្យដឹងថា ស្ថាប័ននេះនឹងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជំរុញ ទាក់ទាញការវិនិយោគផ្នែកយានយន្តពីបរទេសមកកាន់កម្ពុជាបន្ថែមទៀត និងធានាដល់ការប្រកួតប្រជែងស្មើភាពគ្នា ក៏ដូចជាការលើកទឹកចិត្តដល់ការនាំចូល និងប្រើប្រាស់យានយន្តអគ្គិសនី និងការវិនិយោគលើបណ្ដាញស្ថានីយបញ្ចូលថាមពលជាដើម។ នេះបើតាមរបាយការណ៍ពីកិច្ចប្រជុំប្រចាំខែរបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី 25 មករា 2024។