Forbes បានឱ្យដឹងថា ម្ចាស់ LVMH លោក Bernard Arnault កាលពីថ្ងៃទី 26 មករា 2024 ដណ្ដើមបានតំណែងមហាសេដ្ឋីលំដាប់លេខមួយលើពិភពលោក ពីមហាសេដ្ឋី Elon Musk។
បញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីទៅតាមពេលវេលាជាក់ស្ដែងរបស់ Forbes បង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង Arnault បច្ចុប្បន្នគឺ 207.8 ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីបានកើនជាង 23 ពាន់លានដុល្លារកាលពីថ្ងៃទី 26 មករា។ ក្នុងគ្រានោះដែរ មហាសេដ្ឋីអាម៉េរិក លោក Elon Musk មានទ្រព្យត្រឹមតែ 204.5 ពាន់លានដុល្លារ។ ប្រការនេះជួយឱ្យលោក Arnault ឈ្នះលោក Musk ដើម្បីក្លាយជាអ្នកមានជាងគេលើពិភពលោក។
នៅមុនរឿងនេះកើតឡើង ភាគហ៊ុន Tesla របស់លោក Musk បានធ្លាក់ចុះរហូតដល់ 13% កាលពីថ្ងៃទី 25 មករា ក្រោយពីលោកបានព្រមានថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះអាចនឹងមានកំណើនយឺតមកវិញនៅក្នុងឆ្នាំ 2024 ព្រោះតែក្រុមហ៊ុនផ្ដោតលើការផលិតរថយន្តអគ្គិសនីជំនាន់ថ្មី តម្លៃទាបជាងមុនដែលនឹងត្រូវបានផលិតចាប់ពីពាក់កណ្ដាលឆ្នាំក្រោយ។ រឿងនេះក៏បានធ្វើឱ្យទ្រព្យរបស់លោក Musk ថយចុះរហូតដល់ 18 ពាន់លានដុល្លារក្នុងមួយថ្ងៃ។
ផ្ទុយទៅវិញ ភាគហ៊ុន LVMH បានកើន 12.8% កាលពីថ្ងៃទី 26 មករា។ មូលហេតុគឺដោយសារក្រុមហ៊ុននេះប្រកាសថា ប្រាក់ចំណូលក្នុងឆ្នាំ 2023 ខ្ពស់ជាងការព្យាករ ពោលគឺ 93.3 ពាន់លានដុល្លារអាម៉េរិក ព្រមទាំងប្រកាសដំឡើងភាគលាភប្រចាំឆ្នាំ៕