(ហូឡង់) – គំរូយន្តហោះ Elysian E9X ដំណើរការដោយថាមពលអគ្គិសនី អាចដឹកអ្នកដំណើរបាន 90 នាក់ និងហោះបាន 1,000 គីឡូម៉ែត្រ នាពេលអនាគត។
ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ហូឡង់ Elysian បង្ហាញគំរូយន្តហោះដឹកអ្នកដំណើរល្បឿនលឿន ដែលប្រើប្រាស់អគ្គិសនីទាំងស្រុង មានកៅអីចំនួន 90 គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។ E9X គឺជាយន្តហោះដំណើរការដោយថ្មផ្ទុកអគ្គិសនី អាចហោះបាន 800 គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលអគ្គិសនីមួយពេញ។
ដោយមានការកែលម្អបន្ថែមទៀតក្នុងពេលអនាគត ក្រុមហ៊ុនខាងលើសង្ឃឹមថា នឹងអាចបង្កើនរយៈចម្ងាយនៃការហោះហើរដល់ 1,000 គីឡូម៉ែត្រ។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 26 មករា 2024។
រចនារូបរាងរបស់ E9x និងបច្ចេកវិទ្យាស្នូល ដែលជួយឱ្យវាដំណើរការបានល្អបែបនេះ គឺជាលទ្ធផលនៃកិច្ចសហការជាមួយនឹងក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Delft។