ក្រោយពីបានបញ្ចប់ជើងហោះហើរទី 72 នៅលើភពអង្គារក្នុងរយៈពេលបីឆ្នាំកន្លង ឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការណាសា ក៏បានបញ្ចប់បេសកកម្ម។
Ingenuity បានក្លាយជាយន្តហោះដំបូងគេដែលដំណើរការ និងហោះហើរនៅលើភពដទៃ បន្ទាប់ពីបានហោះឡើងជាលើកដំបូងកាលពីថ្ងៃទី 19 មេសា ឆ្នាំ 2021។ រូបភាព និងទិន្នន័យដែលបញ្ជូនមកកាន់បន្ទប់ធ្វើតេស្តកម្លាំងរុញច្រាន JPL របស់ណាសា នៅ Pasadena រដ្ឋ California បង្ហាញថា យ៉ាងតិចមានស្លាបចក្រចំនួនមួយរបស់ Ingenuity ត្រូវខូច នៅពេលចុះចតក្នុងជើងហោះហើរចុងក្រោយដែលធ្វើឡើងក្នុងខែនេះ។ ក្រុមការងារបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះលែងហោះហើរបានទៀតហើយ។ នេះបើតាម CNN ចុះផ្សាយកាលពីថ្ងៃទី 25 មករា។
បច្ចុប្បន្ន ឧទ្ធម្ភាគចក្រដែលបានហោះទៅកាន់ភពអង្គារអមជាមួយនឹងរ៉ូបូត Perseverance កំពុងចតលើផ្ទៃនៃភពក្រហមនេះ ខណៈក្រុមការងារនៅ JPL នៅតែអាចទាក់ទងបានជាមួយនឹង Ingenuity។
រាល់ទិន្នន័យដែលប្រមូលបានពីបេសកកម្មរបស់ Ingenuity នឹងត្រូវបានប្រើប្រាស់នៅក្នុងការអភិវឌ្ឍយន្តហោះសម្រាប់ស្រាវជ្រាវភពអង្គារ និងភពដទៃនាពេលអនាគត៕