(ភ្នំពេញ)៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី 23 មករា 2024 នៅទីស្តីការក្រសួងពាណិជ្ជកម្មខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង តំណាងនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាសមាជិក-សមាជិកានៃក្រុមការងារជាច្រើនរូបផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្ម ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាម បណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ទិញ-លក់ទំនិញជាកសិផល សំដៅជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។