នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla បានកោតសរសើរចំពោះបណ្ដាក្រុមហ៊ុនផលិតរថយន្តចិន ហើយយល់ថា ពួកគេអាចដណ្ដើមបានជោគជ័យធំធេងក្នុងទីផ្សារអន្តរជាតិ។
កាលពីថ្ងៃទី 24 មករា 2024 បន្ទាប់ពីការប្រកាសរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទីបួនក្នុងឆ្នាំ 2023 CEO របស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla គឺមហាសេដ្ឋី Elon Musk បានលើកសរសើរដល់បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន។ លោកនិយាយថា ពួកគេគឺជាបណ្ដាក្រុមហ៊ុនដែលមានការប្រកួតប្រជែងបំផុត ហើយថា នឹងជោគជ័យធំធេងនៅខាងក្រៅប្រទេសចិន អាស្រ័យលើកម្រិតនៃការទទួលរងសម្ពាធពីអត្រាពន្ធ និងរនាំងពាណិជ្ជកម្ម។
លោក Musk និយាយថា «បើសិនមិនមានរនាំងពាណិជ្ជកម្ម ពួកគេនឹងជាន់ពន្លិចក្រុមហ៊ុនស្ទើរតែទាំងអស់នៅលើពិភពលោក។ ពួកគេពូកែខ្លាំងណាស់»។
យោបល់នេះបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla កំពុងប្រឈមនឹងសម្ពាធនៃការប្រកួតប្រជែងដ៏សម្បើមពីបណ្ដាគូបដិបក្ខមកពីប្រទេសចិន ដែលមានដូចជា BYD ជាដើម៕