គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់កូរ៉េខាងត្បូង បានបង្ហាញទិសដៅនៃការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា។
ការបង្ហាញទិសដៅរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូកូរ៉េខាងត្បូងដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋករ៉េ លោក Chung Sye-Kyun កាលពីព្រឹកថ្ងៃទី 24 មករា 2024។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។
ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់ការនាំចេញ។ ចំណែកក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។