តាក់ស៊ីហោះគំរូថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai ដែលហោះឡើង និងចុះចតបែបបញ្ឈរត្រង់ ដំណើរការបានស្រួលជាងឆ្ងាយបើធៀបនឹងឧទ្ធម្ភាគចក្រ និងធ្វើដំណើរបានចម្ងាយពី 40 ទៅ 64 គីឡូម៉ែត្រ ក្នុងល្បឿន193 គីឡូម៉ែត្រ/ម៉ោង។
តាក់ស៊ីហោះឡើង ចុះចតបញ្ឈរត្រង់ដែលប្រើប្រាស់អគ្គិសនី (eVTOL) មានកៅអីចំនួនបួន និងត្រូវបានផលិតដោយក្រុមហ៊ុន Supernal របស់ Hyundai ឈ្មោះ SA-2 នេះ នឹងមានវត្តមានក្នុងទីផ្សារចាប់ពីឆ្នាំ 2028 បន្ទាប់ពីបានហោះហើរសាកល្បងនៅចុងឆ្នាំ 2024។ នេះបើតាមការផ្សាយកាលពីថ្ងៃទី 22 មករា របស់ Live Science ដែលបានដកស្រង់សម្ដីរបស់តំណាងនៃក្រុមហ៊ុន Hyundai ដែលបានឱ្យដឹងនៅក្នុងពិព័រណ៍អេឡេចត្រូនិច CES 2024 នាពេលថ្មីៗកន្លងទៅនេះ។
SA-2 ត្រូវបានផលិតឡើងដើម្បីអាចហោះធម្មតាក្នុងល្បឿន 193 គីឡូម៉ែត្រ/ម៉ោង នៅលើកម្ពស់ 457 ម៉ែត្រ និងបញ្ចប់ជើងហោះហើរពី 40 ទៅ 64 គីឡូម៉ែត្រ។ យោងតាមអាជ្ញាធរគ្រប់គ្រងអាកាសចរណ៍សហរដ្ឋអាម៉េរិក (FAA) តាក់ស៊ីហោះនេះបញ្ចេញសំឡេងរំខានតិចជាងឆ្ងាយបើធៀបនឹងឧទ្ធម្ភាគចក្រ។
បច្ចុប្បន្ន Supernal កំពុងរៀបគម្រោងសម្រាប់ការហោះហើរសាកល្បងនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនក៏មានគម្រោងដាក់ឯកសារជូន FAA ក្នុងឆ្នាំ 2024 មុនពេលស្នើសុំច្បាប់ហោះហើរពិសេសនៅឆ្នាំ 2025 ខណៈការធ្វើតេស្តលម្អិតបំផុតនឹងចាប់ផ្ដើមនៅដើមឆ្នាំ 2027។ Hyundai មានគោលដៅផលិត SA-2 នៅឆ្នាំ 2028 ប៉ុន្តែការទិញដូរ និងប្រើប្រាស់យន្តហោះអគ្គិសនីនេះក៏អាស្រ័យទៅលើស្ថានភាពច្បាប់ស្ដីពី eVTOL ផងដែរ៕