ជិតបីម៉ោងបន្ទាប់ពីការចុះចតលើឋានរណបតែមួយគត់របស់ផែនដី យានអវកាសរបស់ជប៉ុនក៏ឈប់ដំណើរការ និងកំពុងរង់ចាំពន្លឺព្រះអាទិត្យចាំងទៅលើផ្ទាំងសូឡារបស់វា។ នេះបើតាមអង្គការអវកាសជប៉ុន (JAXA)។
យានអវកាស SLIM ឬហៅថា Moon Sniper បានចុះចតលើឋានព្រះចន្ទដោយជោគជ័យកាលពីវេលាម៉ោង 22 និង 20 នាទី ថ្ងៃទី 19 មករា 2024 ជួយឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំដែលមានយានធ្វើសកម្មភាពនៅលើទីឋានរណបធម្មជាតិរបស់ផែនដី។ ក៏ប៉ុន្តែ បន្ទាប់ពី SLIM បានចុះចត JAXA មិនអាចដឹងបានថា ផ្ទាំងសូឡារបស់យាននេះកំពុងផលិតអគ្គិសនី ឬអត់។
ក្រោយការចុះចតបានជិតបីម៉ោង JAXA ក៏បានផ្អាកដំណើរការរបស់ SLIM ដើម្បីឱ្យវាអាចដំណើរការឡើងវិញនៅពេលព្រះអាទិត្យជះពន្លឺលើផ្ទាំងសូឡា។ នៅមុនពេលបិទដំណើរការពីចម្ងាយ ស្ថានីយគ្រប់គ្រងបេសកកម្មក៏បានទទួលទិន្នន័យពីដំណើរការចុះចត និងពីផ្ទៃព្រះចន្ទ។
SLIM (Smart Lander for Investigating Moon) ត្រូវបានបាញ់បង្ហោះជាមួយនឹងកែវយឹតអវកាស XRISM។ XRISM ត្រូវបានដាក់ឱ្យដំណើរការនៅលើគន្លងគោចរកម្រិតទាបរបស់ផែនដី បន្ទាប់ពីត្រូវបានបាញ់បង្ហោះ ខណៈដែល SLIM បន្តហោះទៅកាន់ឋានព្រះចន្ទ។ SLIM បានហោះទៅដល់គន្លងតារាវិថីព្រះចន្ទកាលពីថ្ងៃទី 25 ធ្នូ 2023។