កាលពីថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួលជួបលោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះបើតាម CAIF ចុះផ្សាយកាលពីថ្ងៃទី 18 មករា 2024។
យោងតាម CAIF ដដែល គម្រោង SFE មានគោលដៅបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងជំនួបនេះ CAIF បានយល់ស្របតាមសំណើរបស់ MIT សម្រាប់កិច្ចសហការ និងការរៀបចំអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសពាក់ព័ន្ធនឹងការវិវត្តថ្មីៗក្នុងឧស្សាហកម្មយានយន្ត ដូចជារថយន្តអគ្គិសនី (EV) ជាដើម ៕