ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន និងអឺរ៉ុប ត្រូវដាំក្បាលចុះ ក្រោយពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla បន្តទម្លាក់តម្លៃរថយន្តនៅក្នុងទីផ្សារទាំងនេះ។
នៅលើផ្សារមូលបត្រហុងកុង ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី NIO (ចិន) នាថ្ងៃនេះ បានធ្លាក់ចុះ 9.6% ធ្វើឱ្យភាគហ៊ុននេះបាត់បង់សរុប 33% រាប់ចាប់ពីដើមឆ្នាំ 2024 គ្រាដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមួយផ្សេងទៀត គឺ XPeng ក៏បាត់បង់ 9.9% និង Zhejiang Leapmotor Technology ថយចុះ 5.1%។
នៅទ្វីបអឺរ៉ុបវិញ ភាគហ៊ុន Volkswagen កាលពីល្ងាចនេះក៏ថយចុះ 2.1% ក្នុងពេល Stellantis និង Mercedes-Benz ក៏បានបាត់បង់ជាង 1% ខណៈ Renault និង BMW ថយចុះជាង 2%។
យោងតាមអ្នកវិភាគមកពីក្រុមហ៊ុន Daiwa Capital Markets ការបញ្ចុះតម្លៃរថយន្តនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនអាម៉េរិក Tesla បានជះឥទ្ធិពលដល់ផ្លូវចិត្តរួមរបស់វិស័យផលិតរថយន្ត។ សម្ពាធនៃការបញ្ចុះតម្លៃ បូករួមនឹងលទ្ធផលនៃការលក់រថយន្តក្នុងខែមករារបស់បណ្ដាក្រុមហ៊ុនចិន មិនបានដូចបំណង បាននាំឱ្យមានរលកនៃការលក់ចោលភាគហ៊ុននៅក្នុងវិស័យនេះ៕