យោងតាមអនុក្រឹត្យលេខ 07 អនក្រ.បក ចុះថ្ងៃទី 11 មករា 2024 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែតំបន់រុនតាឯក នៅក្នុងខេត្តសៀមរាប ទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ។
អនុក្រឹត្យខាងលើបញ្ជាក់ថា ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយការកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ហើយមានសង្កាត់ចំនួនពីរ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ខណៈទីតាំងរដ្ឋបាលក៏ស្ថិតនៅក្នុងសង្កាត់រុនតាឯក។
កន្លងមក តំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាល គ្រោងបង្កើតទៅជាទីក្រុងមួយ ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារនៅនឹងកន្លែង ព្រមទាំងផ្ដោតសំខាន់ទៅលើនិរន្តរភាពនៃការលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់៕