ផ្កាយរណបលើគន្លងតារាវិថីដែលធ្វើការសាកល្បងលទ្ធភាពនៃបច្ចេកវិទ្យាទាញយក និងបាញ់បញ្ជូនថាមពលព្រះអាទិត្យមកកាន់ផែនដី បានបញ្ចប់បេសកកម្មមួយឆ្នាំរបស់ខ្លួនប្រកបដោយជោគជ័យ។
វិទ្យាស្ថានបច្ចេកវិទ្យា California (Caltech) ប្រកាសកាលពីថ្ងៃទី 16 មករាថា ក្រុមវិស្វករនៃគម្រោង Solar Space Power Demonstrator (SSPD-1) បានវាយតម្លៃថា ឧបករណ៍ទាំងបីដែលដាក់នៅលើផ្កាយរណបទម្ងន់ 50 គីឡូក្រាម សុទ្ធតែដំណើរការដោយជោគជ័យ ហើយជឿជាក់ថា គម្រោងនេះ «នឹងបើកផ្លូវសម្រាប់អនាគតរបស់ថាមពលព្រះអាទិត្យក្នុងទីអវកាស» នេះបើតាម Popular Science។
SSPD-1 ដែលត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត Falcon 9 របស់ SpaceX កាលពីដើមខែមករា 2023 បានធ្វើការពិសោធចំនួនបី រួមមាន ការធ្វើតេស្តភាពធន់ និងប្រសិទ្ធភាពរបស់ផ្ទាំងសូឡាមហាស្ដើង, ការធ្វើតេស្ត និងជ្រើសរើសប្រភេទផ្ទាំងសូឡាដែលសមស្របបំផុតសម្រាប់អវកាស រួមនឹងការធ្វើតេស្តបាញ់បញ្ជូនរលកមីក្រូវ៉េវដែលប្រមូលបានពីកម្ដៅព្រះអាទិត្យក្នុងទីអវកាស មកកាន់ផែនដី៕