បើទោះជាជួបឧបសគ្គច្រើន ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ដែលជាខឿនសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរក្នុងពិភពលោក នៅតែមានកំណើនជាង 5% នៅក្នុងឆ្នាំ 2023 ស្របនឹងគោលដៅដែលបានកំណត់។
តួលេខខាងលើត្រូវបាននាយកដ្ឋានជាតិស្ថិតិចិន ប្រកាសកាលពីព្រឹកថ្ងៃទី 17 មករានេះ។ គោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ 2023 ដែលប្រទេសនេះបានដាក់ចេញគឺក្នុងរង្វង់ 5%។
កាលពីថ្ងៃទី 16 មករា 2024 នាយករដ្ឋមន្ត្រីចិន លោក Li Qiang ក៏បាននិយាយថា សេដ្ឋកិច្ចប្រទេសចិនក្នុងឆ្នាំកន្លង មានកំណើន 5.2%។ កំណើននេះស្របទៅនឹងការព្យាករនានារបស់ធនាគារធំៗនៅលើពិភពលោក ក្នុងនោះមានទាំង Goldman Sachs និង Morgan Stanley ផងដែរ។
កាលពីឆ្នាំ 2022 សេដ្ឋកិច្ចរបស់ចិន មានកំណើនតែ 3% ដោយសារតែគោលនយោបាយរឹតបន្តឹងការគ្រប់គ្រងកូវីដ-19។ ល្បឿននៃកំណើននេះមិនសម្រេចបានគោលដៅ 5.5% ដែលបានដាក់ចេញក្នុងឆ្នាំនោះ៕