រាជរដ្ឋាភិបាលថៃ មានផែនការផ្ដល់ទិដ្ឋាការពិសេស 90 ថ្ងៃ ដល់ភ្ញៀវបរទេសដែលចង់រៀនក្បាច់គុនបុរាណមួយថៃ (Muay Thai) នៅប្រទេសនេះ។
ក្នុងសារដែលបង្ហោះលើបណ្ដាញសង្គម X (អតីត Twitter) កាលពីថ្ងៃទី 14 មករា 2024 នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានឱ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចហើយនៅក្នុងការផ្ដល់ទិដ្ឋាការ 90 ថ្ងៃជាពិសេស ជំនួសឱ្យស្ដង់ដា 60 ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងរៀនក្បាច់គុនថៃ។
នាយករដ្ឋមន្ត្រីថៃក៏បានលើកឡើងថា ទិដ្ឋាការពិសេសនេះក៏នឹងផ្ដល់ជូនពលរដ្ឋបរទេសដែលចង់មករៀនរបាំបុរាណ តន្ត្រី ឬរៀនធ្វើម្ហូបថៃ ជាវិស័យដែលត្រូវបានរៀបរាប់នៅក្នុងចំណោម 5F នៃ «អំណាចទន់» របស់ប្រទេសថៃ ដែលរួមមាន អាហារ (Food), ភាពយន្ត (Film), ម៉ូដែល (Fashion), ក្បាច់គុន (Fight) និងពិធីបុណ្យ (Festival)។
យោងតាមក្រសួងទេសចរណ៍ និងកីឡាថៃ តម្លៃទីផ្សាររបស់ទេសចរណ៍ថៃដែលទាក់ទងនឹងកីឡារបស់ប្រទេសនេះនៅក្នុងឆ្នាំ 2018 គឺប្រមាណ 120 ពាន់លានបាត (3.4 ពាន់លានដុល្លារអាម៉េរិក) ហើយកំពុងកើនឡើងជាមធ្យម 5% ជារៀងរាល់ឆ្នាំ៕