ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី 15 មករា 2024 បានឱ្យដឹងថា កម្ពុជាគ្រោងនឹងទទួលបានហិរញ្ញប្បទានឥតសំណងចំនួន 86 លានអឺរ៉ូ (ជិត 94 លានដុល្លារអាម៉េរិក) ពីសហភាពអឺរ៉ុប (EU) ដើម្បីអភិវឌ្ឍកម្មវិធីមួយចំនួន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ត្រូវបានធ្វើឡើងបន្ទាប់ពីមានជំនួបរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួយដែលសហភាពអឺរ៉ុបគ្រោងនឹងផ្ដល់ជូនកម្ពុជា តាមរយៈកម្មវិធី Global Gateway នេះ គឺសម្រាប់កម្មវិធីចំនួនបួន ដែលរួមមានដូចខាងក្រោម៖
ទីមួយ៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព
ទីពីរ៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ
ទីបី៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027
ទីបួន៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។