(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្ត្រី និងបុគ្គលិក កម្មករ និយោជិតនៃកំពង់ផែ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាងលើនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។
ក្រសួងសាធារណការ បានឱ្យដឹងថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានផ្ទៃដីទំហំ 4 ហិកតា ខណៈដែលចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មានផ្ទៃដីទំហំ16.3 ហិកតា និងចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។
គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំងនេះ គឺដើម្បីធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មានដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។