បរិមាណរថយន្តអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់អគ្គិសនី ដែលត្រូវបានលក់ចេញនៅទូទាំងសកលលោកក្នុងឆ្នាំកន្លង សម្រេចបានជាង 13.6 លានគ្រឿង កើន 31% បើធៀបនឹងឆ្នាំ 2022។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion។
ក្នុងចំណោមនោះ រថយន្តអគ្គិសនីសុទ្ធមានប្រមាណ 9.5 លានគ្រឿង និងរថយន្តកូនកាត់អគ្គិសនី (hybrid) មានប្រមាណ 4.1 លានគ្រឿង។ ក្រុមហ៊ុន Rho Motion ឱ្យដឹង នៅក្នុងខែធ្នូ ឆ្នាំ 2023 រថយន្តអគ្គិសនីត្រូវបានលក់ដាច់ជាងគេក្នុងប្រវត្តិសាស្ត្រ ដោយមានប្រមាណ 1.5 លានគ្រឿងត្រូវបានទិញ។
ក៏ប៉ុន្តែ កំណើននៃរថយន្តអគ្គិសនីដែលត្រូវបានលក់ចេញនៅទូទាំងពិភពលោកក្នុងឆ្នាំ 2023 មានល្បឿនយឺតជាងបើធៀបនឹង 60% របស់ឆ្នាំ 2022។
ទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងឆ្នាំ 2024 ត្រូវបានព្យាករថា នឹងជួបឧបសគ្គមួយចំនួន ពិសេសគឺតម្រូវការអាចទាបជាងមុន ដោយសារតែអតិថិជនពន្យារពេលក្នុងការសម្រេចចិត្ត ដើម្បីរង់ចាំរថយន្តម៉ូដែលថ្មី ស៊េរីថ្មីដែលល្អជាង តូចជាង និងថោកជាងបច្ចុប្បន្ន ដែលអាចនឹងត្រូវបានដាក់លក់ក្នុងរង្វង់ពីពីរទៅបីឆ្នាំខាងមុខ៕