(ប្រទេសស្វ៊ីស) – យន្តហោះអគ្គិសនី Sirius Jet បំពាក់ស្លាបកង្ហារប្រហែល 20 គ្រឿង ដើម្បីអាចហោះឡើងត្រង់ទៅលើ និងប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែនរាវសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយ។
ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ស្វ៊ីស Sirius Aviation AG អភិវឌ្ឍ Sirius Jet ដែលជាយានជំនិះអគ្គិសនីហោះឡើង-ចុះចតដោយបញ្ឈរត្រង់ និងអាចប្រតិបត្តិការបានចម្ងាយ 1,850 គីឡូម៉ែត្រ ហើយអាចធ្វើដំណើរក្នុងល្បឿន 520 គីឡូម៉ែត្រ/ម៉ោង ដោយប្រើប្រាស់ប្រព័ន្ធអ៊ីដ្រូសែនរាវស្អាត។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 10 មករា 2024។
Sirius Jet ដែលត្រូវបានចាប់ផ្ដើមអភិវឌ្ឍពីឆ្នាំ 2021 អាចហោះឡើង និងចុះចតបញ្ឈរត្រង់ គឺដោយសារប្រើប្រាស់ស្លាបកង្ហារអគ្គិនីប្រហែល 20 គ្រឿង។ ក្នុងនោះ ស្លាបកង្ហារនីមួយៗមានអង្កត់ផ្ចិតតែ 30 សង់ទីម៉ែត្រប៉ុណ្ណោះ។
ក្រុមហ៊ុនខាងលើឱ្យដឹងថា ពួកគេកំពុងស្ថិតក្នុងដំណាក់កាលស្នើសូមវិញ្ញាបនបត្រពីនាយកដ្ឋានអាកាសចរណ៍អាម៉េរិក (FAA)។ បើសិនគ្រប់យ៉ាងដំណើរការដោយរលូន កំណែគំរូសម្រាប់ធ្វើតេស្តនឹងអាចហោះហើរជាលើកដំបូងក្នុងឆ្នាំ 2025 និងចាប់ផ្ដើមហោះហើរបែបពាណិជ្ជកម្មនៅឆ្នាំ 2028៕