កំណើននៃប្រាក់ចំណូលបានពីវិស័យទេសចរណ៍ ក៏ដូចជាកំណើននៃការចំណាយរបស់ទេសចរ នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ ត្រូវបានជំរុញដោយសកម្មភាពកម្សាន្តនាពេលរាត្រី បន្ទាប់ពីរាជរដ្ឋាភិបាលប្រទេសនេះ បានអូសបន្លាយពេលវេលាសម្រាប់អ្នករកស៊ីនៅពេលយប់។
ចាប់ពីថ្ងៃទី 15 ធ្នូ 2023 គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសំណើមួយដែលអនុញ្ញាតឱ្យក្លឹបរាត្រី បារ និងទីតាំងកម្សាន្តផ្សេងៗ បើកទ្វាររហូតដល់ម៉ោង 4 ទៀបភ្លឺ ជំនួសឱ្យម៉ោង 2 ទៀបភ្លឺ ដើម្បីជំរុញឱ្យទេសចរចាយលុយច្រើនជាងមុននៅពេលរាត្រី។
ការបន្ធូរបន្ថយពេលវេលាសម្រាប់ការកម្សាន្តនៅពេលរាត្រី បាននាំឱ្យភ្ញៀវទេសចរណ៍ស្នាក់នៅក្នុងប្រទេសថៃយូរជាងមុន និងចំណាយប្រាក់ច្រើនជាងមុន។
កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ប្រទេសនេះរកចំណូលបានរហូតដល់ 1.6 ពាន់លានដុល្លារអាម៉េរិក ពីវិស័យទេសចរណ៍ ត្រឹមតែនៅក្នុងខែធ្នូ 2023 ដែលនេះបានកើន 44% បើធៀបនឹងមួយឆ្នាំមុននោះ។ ជោគជ័យនេះ សម្រេចបានក៏ដោយសារការបន្ធូរបន្ថយការរឹតត្បិតលើវិស័យកម្សាន្តនៅពេលយប់៕